អាជ្ញាធរកម្ពុជាកំពុងស្រាវជ្រាវរឿងពលរដ្ឋខ្មែរ៦នាក់ជាន់មីនក្នុងដីថៃ
រឿងរ៉ាវទាក់ទងនឹងព្រំដែនខ្មែរថៃបានកើតឡើងមិនចេះចប់ ឡើយ។ ក្រសួង ការបរទេសកម្ពុជា និងអាជ្ញាធរខេត្តឧត្តរមានជ័យកំពុងបន្តការស្រាវជ្រាវព័ត៌មានស្តីពី ពលរដ្ឋខ្មែរ៦នាក់ដែលបានជាន់មីនក្នុងទឹកដីថៃដែលបណ្តាលឱ្យស្លាប់ និងរបួសកាលពីយប់ថ្ងៃព្រហស្បតិ៍។ បុរសខ្មែរ៦នាក់ដែលបានលួចចូលកាប់ឈើក្រញូងក្នុងទឹកដីថៃបានទទួល គ្រោះថ្នាក់ជាន់មីនផ្ទុះនៅពេលដែលពួកគេកំពុងអូសរទេះដែលដឹកឈើ ក្រញូងពេញចេញពីទឹកដីថៃ។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់ ពីរនាក់របួសធ្ងន់ និងបាត់ខ្លួន ចំណែកឯម្នាក់ទៀតបានមកដល់ព្រំដែនវិញទាំងរងរបួស។ នេះបើយោងតាមសេចក្តីរាយការណ៍ជំហានដំបូង។
កាលពីយប់ថ្ងៃទី១៧មីនា មានសេចក្តីរាយការណ៍ថា ពលរដ្ឋខ្មែរ៦នាក់ដែលសុទ្ធតែជាបុរសពេញកម្លាំងនិងយុវជនអាយុ១៦ ឆ្នាំម្នាក់ផងបានជាន់គ្រាប់មីនតោនរបស់ថៃនៅខណៈដែលពួកគេកំពុង អូសរទេះដឹកឈើក្រញូងពេញចេញពីក្នុងព្រៃក្នុងទឹកដីថៃជាប់ ព្រំប្រទល់ស្រុកត្រពាំងបា្រសាទខេត្តឧត្តរមានជ័យ។ នៅក្នុងឧប្បទ្ទវហេតុនោះ មនុស្សបីនាក់ត្រូវគេរាយការណ៍ថាបានស្លាប់នៅនឹងកន្លែងដោយ ត្រូវរបួសសុសសាច់និងដាច់ជើងទាំងពីរ។ បុរសពីរនាក់ទៀតរងរបួសធ្ងន់និងមិនដឹងជាមានជោគវាសនាយ៉ាងណាទេ។ ប៉ុន្តែ អ្នករងរបួសម្នាក់បានខំលូនចេញពីព្រៃមកដល់ដីខ្មែរវិញ។
ហេតុការណ៍ដ៏សោកសៅបែបនេះមិនមែនជាលើកទី១ទេសម្រាប់ក្រុមអ្នក ផ្សងព្រេងចូលកាប់ឈើមានតម្លៃក្នុងទឹកដីថៃ។ បើមិនផ្ទុះមីនទេ ក៏ត្រូវទាហានថៃបាញ់ប្រហារដែរ។ កាលពីសប្តាហ៍កន្លងទៅនេះ ក៏មានពលរដ្ឋខ្មែរម្នាក់ស្លាប់ដោយការបាញ់ប្រហាររបស់ទាហានឡាវ ដោយសារតែការលបលួចកាប់ឈើមានតម្លៃនៅក្នុងដីឡាវ។ អាជ្ញាធរនៅតាមខេត្តជាយដែនបានហាមប្រាមមិនឱ្យពលរដ្ឋរបស់ខ្លួនចូល ទៅក្នុងទឹកដីប្រទេសជិតខាងណាមួយដើម្បីកាប់ឈើនោះទេ ប៉ុន្តែ ដោយសំអាងលើភាពក្រីក្រ ពលរដ្ឋខ្មែរជាច្រើននៅតែបន្តផ្សងព្រេងប្រថុយជីវិតក្នុងទឹកដី ប្រទេសជិតខាងដដែលជាថ្នូរនឹងប្រាក់កម្រៃចិញ្ចឹមជីវិត។
ប្រភពពីយោធាការពារព្រំដែនឱ្យដឹងថា ផ្លូវដែលពលរដ្ឋខ្មែរជាន់មីននោះគឺជាផ្លូវចាស់ដែលពីមុននេះគ្មាន គ្រាប់មីនទេ។ គេសង្ស័យថា គ្រាប់មីននេះទើបតែដាក់ថ្មីៗដោយទាហានថៃក្នុងបំណងសម្លាប់ពលរដ្ឋ ខ្មែរដែលចូលទៅកាប់ឈើនៅក្នុងទឹកដីគេ។ យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាកំពុងស្រាវជ្រាវរកព័ត៌មានពិតប្រាកដក្នុងរឿងនេះ ហើយ។ គេសង្ឃឹមថា អ្នកត្រូវរបួសពីរនាក់ដែលបាត់ខ្លួននោះទំនងជាស្លាប់បាត់ទៅហើយ។ លោក កុយ គួងអះអាងថា នៅពេលដែលមានរបាយការណ៍គ្រប់គ្រាន់និងជាក់លាក់ ក្រសួងការបរទេសនឹងបញ្ចេញប្រតិកម្មអំពីបញ្ហានេះ៕