យុត្ថារា ឆាន្នី អំពាវនាវសុំឱ្យប្រជាពលរដ្ឋកម្ពុជាបិទភ្លើងសម្រាប់ទិវា Earth Hour
ថ្ងៃ សុក្រ ទី ២៥ ខែ មិនា ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ លោកយុត្ថារា ឆាន្នី ដែលជាតារាភាពយន្តដ៏មានឈ្មោះបោះសំឡេងបំផុតម្នាក់នៅក្នុង វិស័យសិល្បៈភាពយន្តកម្ពុជា និងជាអនុប្រធានសមាគមសិល្បករខ្មែរកំពុងដើរតួនាទីជា ឯកអគ្គរាជទូតសម្រាប់ទិវា Earth Hour ហើយនឹងចូលរួមបិទភ្លើងនៅថ្ងៃសៅរ៍ ទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ និងធ្វើសកម្មភាពជាវិជ្ជមានសម្រាប់ភពផែនដី ។ ការធ្វើសកម្មភាពសម្រាប់ភពផែនដីដោយតារាសម្តែងដ៏មានប្រជា ប្រិយភាពក្នុងចំណោមមហាជនទាំងក្នុង និងក្រៅប្រទេសរូបនេះ ជាទង្វើ និងគំរូមួយដ៏ប្រសើរ ដែលនឹងជំរុញទឹកចិត្តអ្នកគាំទ្រលោក និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ឱ្យចូលរួមជាមួយប្រជាជាតិដទៃៗទៀតនៅលើពិភពលោក ក្នុងការប្រារព្ធសកម្មភាពជាវិជ្ជមានសម្រាប់ប្រយោជន៍ដល់ភព ផែនដី ។
លោកឆាន្នី បាននិយាយថា «ភពផែនដីជារបស់យើងទាំងអស់គ្នា ហើយយើងមានលទ្ធភាពអាចធ្វើសកម្មភាព ដើម្បីរួមចំណែកក្នុងការការពារ» ។ លោកបានអំពាវនាវថា «នៅថ្ងៃសៅរ៍ ទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ សូមចូលរួមប្រារព្ធសកម្មភាពវិជ្ជមានសម្រាប់ភពផែនដីតែមួយគត់ របស់យើង ជាមួយប្រជាជាតិដទៃៗនៅលើពិភពលោក ។ ក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញ យើងអាចធ្វើសកម្មភាពទោះតូច ឬធំដើម្បីរួមចំណែកក្នុងការកាត់បន្ថយបរិមាណឧស្ម័នកាបូនិច ដែលសាយភាយទៅក្នុងបរិយាកាស និងធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុក្នុងការរស់នៅប្រចាំថ្ងៃ» ។
Earth Hour គឺជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងស្តីពីបរិស្ថានធំជាង គេបំផុតនៅលើពិភពលោក ។ បច្ចុប្បន្នយុទ្ធនាការកំពុងលើកទឹកចិត្តប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន ព្រមទាំងបណ្តាសហគមន៍នៅលើសាកលលោក ឱ្យបិទភ្លើងរយៈពេល១ម៉ោង នៅថ្ងៃទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ (ម៉ោងក្នុងស្រុក) ក្នុងឆន្ទៈលើកកម្ពស់ការយល់ដឹងស្តីពីការប្រែប្រួលអាកាស ធាតុ ។
ស្របពេលជាមួយនឹងទិវា Earth Hour ជិតចូូលមកដល់ ក្រុមហ៊ុនឯកជនប្រមាណជាង៦០កន្លែង នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រជាពលរដ្ឋដទៃជាច្រើនទៀតនៅទូទាំងព្រះរាជា ណាចក្រកម្ពុជានឹងចូលរួមបិទភ្លើងរយៈពេល១ម៉ោង ដើម្បីប្រារព្ធសកម្មភាពដែលពួកគេធ្វើឡើងក្នុងការការពារបរិស្ថាន នៃភពផែនដី ។ សកម្មភាពដែលអ្នកអាចធ្វើបានជាប្រយោជន៍សម្រាប់ភពផែនដីចាប់ផ្តើម ជាមួយការ ចូលរួមទិវា Earth Hour ដោយបិទភ្លើង១ម៉ោងនៅថ្ងៃទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ ហើយជួយផ្សព្វផ្សាយបន្តអំពី Earth Hour ដល់ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងបន្តធ្វើសកម្មភាពជាវិជ្ជមានក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីនិរន្តរភាពភពផែនដី ៕