ពន្លកតារាសម្តែង និងបង្ហាញម៉ូដអាយុ19ឆ្នាំមានទេពកោសល្យ
ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ កញ្ញាសោម ចរិយា ក្នុងវ័យ១៩ឆ្នាំ ដ៏ស្រស់សោភាដោយសារតែមាននិស្ស័យស្រឡាញ់ចូលចិត្តសិល្បៈសំដែង និងបង្ហាញម៉ូដតាំងពីក្មេងមក នៅឆ្នាំ២០០៩ក្រោយពីឈប់សិក្សាចំណេះទូទៅនាងបានសំរេចចិត្ត ចូលហាត់រៀនសំដែងនៅក្លឹបវិថីតារា និងហ្វឹកហាត់បង្ហាញម៉ូដនៅសាលាសាពណ៌រិនដល។
សំរាប់សិល្បករ សិល្បការិនីគ្រប់រូបដែលមានមហិច្ឆតាចង់ទាក់ទាញយកប្រជាប្រិយភាព ពីមហាជននោះវាមិនមែនជាការងាយស្រួលទេ គឺទាមទារនូវការហ្វឹកហាត់សំដែងឱ្យមានទេពកោសល្យខ្ពស់ និងមានរូបសម្ផស្សស្រស់ស្អាត ព្រមទាំងមានអ្នកជួយជ្រោមជ្រែងផងដែរ។ ហេតុនេះហើយទើបកញ្ញាសោម ចរិយា ដែលជាសិល្បការិនីថ្មីវ័យក្មេងទើបចាប់ផ្តើមដុះពន្លកឡើងកំពុង ព្យាយាមខិតខំប្រឹងប្រែងសម្តែងយ៉ាងយកចិត្តទុកដាក់។ រយៈពេល២ឆ្នាំកន្លងមកនេះនាងបានចូលរួមសំដែងកាយវិការខារ៉ាអូ ខេឱ្យផលិតកម្មជាច្រើនដូចជាផលិតកម្មសាន់ដេ ផលិតក្មមរតក និងផលិតកម្មរ័ត្ន កញ្ញា ជាដើម។
នៅក្នុងឆ្នាំ២០១១នេះកញ្ញា សោម ចរិយា បានចូលរួមសំដែងក្នុងរឿង«ដង្ខៅស្នេហ៍ញ៉ែផ្អើលភូមិ» និងខ្សែភាព យន្តរឿងភាគ «ឧត្តមដួងចិត្ត» ដោយអ្នកដឹកនាំរឿងតម្រូវឱ្យនាងសំដែងជាតួអង្គកាចឆ្នាស។ នាងទទួលបានការកោតសរសើរពីអ្នកដឹកនាំរឿងថា ពិតជាមានទេពកោសល្យសំដែងតួកាចឆ្នាសបានល្អ ម្យ៉ាងវិញទៀតនាងក៏សំដែងជាតួក្រមិចក្រមើមបានល្អណាស់ដែរ។ នៅក្នុងរឿងឧត្តមដួងចិត្ត នាងសំដែងជាតួអង្គឈ្មោះរចនា ។ កញ្ញាសោម ចរិយា មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល ។ ក្នុងចំណោមបងប្អូនស្រី៣នាក់ នាងជាកូនទី២។ នាងបានមករស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលនាឆ្នាំ២០០៩ ពេលចូលសិល្បៈដំបូង។
ទោះបីជាទើបចូលប្រឡូកនៅក្នុងវិស័យ សិល្បៈមិនទាន់មានកេរ្តិ៍ឈ្មោះល្បីពិតមែនតែកញ្ញាចរិយាជឿជាក់ថា នៅថ្ងៃអនាគតនាងនឹងមានគេចាប់អារម្មណ៍ច្រើនមិនខានឡើយ ៕