កែវ នីសា លេចមុខជាមួយអង្គរក្សនិងរថយន្តទំនើប
កែវ នីសា ដែលសម្ងំលែងរាប់អានជាមួយក្រុមអ្នកសិល្បៈនោះ បានលេចមុខវិញហើយ ក្នុងកម្មវិធីខួបកំណើតតារាសម្ដែងតេង លក្ខណា កាលពីរាត្រីថ្ងៃពុធសប្តាហ៍នេះ នៅសណ្ឋាគារណាហ្គាវើល។ អ្វីដែលគេភ្ញាក់ផ្អើលនោះ គឺនាងបានបង្ហាញមុខជាមួយរថយន្តតម្លៃជាង១០ម៉ឺន Range Rover ពណ៌ខ្មៅថ្មីសន្លាង ព្រមជាមួយនឹងអង្គរក្ស។
បើទោះជាគ្រាន់តែចុះពីលើរថយន្តភ្លាម ស្រាប់តែអង្គរក្សរបស់នាង កែវ និសា តារាល្បីល្បាញ មិនធម្មតាក្នុងពិភពស្នេហាចម្រូងចម្រាស បានបើកចាកចេញទៅចតនៅទីតាំងដែលគ្មានការចាប់អារម្មណ៍ពីសំណាក់ មហាជនក្ដី ក៏រូបភាពហ៊ឺហានេះត្រូវបានអ្នកបានឃើញ តាមមើលមិនដាក់ភ្នែកឡើយ។ តារាដែលឈររ៉េរ៉ នៅមុខក្លោងទ្វារសណ្ឋាគារណាហ្គាវើលមួយរូបកាលពីយប់មិញ បានថ្លែងប្រាប់Sabayថា កែវ និសា ពិតជាឡូយមិនធម្មតាឡើយ ព្រោះរថយន្តដែលជូននាងមកគឺម៉ាក Range Rover ដែលជាស៊េរីចុងក្រោយ មានតម្លៃខ្ពស់។ លោកនិយាយថា «ខ្ញុំឃើញនិសាជិះឡានហ្នឹង ដោយមានអង្គរក្ស ពីរនាក់គឺម្នាក់បើកឡាន និងម្នាក់ទៀតអង្គុយនៅពីមុខ ចាំបើកទ្វារអោយនាងចុះទៀតផង»។ លោកបន្តថា ក្នុងពេលចុះពីឡាន នាងមិនបានញញឹមដាក់មនុស្សដែលនៅជុំវិញខ្លួនទេ គឺសូម្បីតែលោកដែលជាតារាធ្លាប់លេចមុខក្នុងសកម្មភាពសិល្បៈជា មួយនាងម្ដងម្កាល ក៏នាងធ្វើមិនឃើញដែរ។
ដូចគ្នានឹងការអះអាងនេះ កែវ និសា មិនបានផ្ដល់កិច្ចសម្ភាសន៍ណាមួយជុំវិញ ការបាត់ខ្លួនរបស់នាង ក្នុងពិភពសិល្បៈ នៅពេលSabayតាមជជីកសួរឡើយ។ នាងបានត្រឹមតែញញឹម ហើយដើរគេចចេញតែប៉ុណ្ណោះ។ ទោះយ៉ាងណា តារារូបនេះ ហាក់ដូចជាមិនខ្វល់នឹងការប្រមាញ់រូបពីក្រុមអ្នកកាសែតឡើយ ដោយនាងឈរអោយថត ព្រមជាមួយនឹងស្នាមញញឹមធ្វើព្រងើយ បើទោះជានាងធ្វើជាមិនឮអ្នកសារព័ត៌មានសួរនាំ ក្នុងពិធីនោះក្ដី។
កែវ និសា លេចមុខលើកនេះ មិនមែនក្នុងឋានៈជានារីសាមញ្ញដូចមុនឡើយ ខណៈដែលពេលចាកចេញទៅវិញ នាងត្រូវបានរថយន្តទំនើបនោះ បើកមកទទួលដល់មាត់ច្រក ហើយមានទាំងបុរសពាក់អាវជាអង្គរក្ស ស្ទុះចុះមកបើកទ្វារអោយដោយភាពញញើតញញើមនោះទៀត។ នាងចាប់ផ្ដើមហ៊ឺហា ក្រោយពីមានព័ត៌មានថា ត្រូវបុរសវ័យចំណាស់ ដែល មានឥទ្ធិពលម្នាក់ធ្វើការទំនុកបម្រុង។ ទោះយ៉ាងណា ពាក្យចចាមអារ៉ាមទាំងនេះ នៅត្រឹមតែជាការលេចឮដែលគ្មានការពិត និងពោរពេញដោយអាថ៌កំបាំងប៉ុណ្ណោះ ក្នុងពេលដែលនាងមិនព្រមធ្វើការបកស្រាយក្នុងពេលលេចមុខដូច្នេះ។ តាមរយៈការលេចមុខលើកដំបូងនេះ នាងអាចបន្តលេចមុខក្នុងកម្មវិធីសិល្បៈបន្តបន្ទាប់ទៀត បើទោះជាគេមិនច្បាស់ថា នាងនឹងអាចវិលចូលវិស័យសម្ដែងវិញ ឬយ៉ាងណាក្ដី៕