លី ច័ន្ទសីហា ផ្ទុះកំហឹងពេលរំលឹករឿងស្នេហាប្រេះឆា
តារាដែលបង្កប់ដោយស្នាមញញឹមគ្រប់ពេល និងទទួលជោគជ័យទាំងអាជីព និងការងារទាំងវ័យក្មេងរូបនេះ កំពុងលាងជម្រះបេះដូងរបស់ខ្លួនដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងការប្រឡូកប្រឡាក់នឹងរឿងស្នេហា ខណៈដែលចាស់ទុំទាំងសងខាងជាអ្នកផ្គត់ផ្គង់ឲ្យរូបនាងមានគូអនាគត ។ ប៉ុន្តែទីបំផុតត្រូវរលាយសាបសូន្យ ក្លាយជាខ្យល់ ពេលចាស់ទុំទាំងសងខាងពាក់មុខយក្សដាក់គ្នា ហើយរំលាយចំណងស្នេហ៍របស់កូនទាំងពាក់កណ្ដាលទីបែបនេះ។ ការមិនចង់រំលឹកដល់រឿងស្នេហានេះ គឺនាងមិនចង់ឲ្យដិតដាមជាប់ ដូចជាស្រមោលអន្ទោលតាមប្រាណព្រោះនេះ គឺជាការឈឺចាប់។
លី ច័ន្ទសីហា បាននិយាយ "វាបានធ្វើឲ្យខ្ញុំឆ្អែតឆ្អន់ និងរាងចាលជាពន់ពេកសម្រាប់ការបរាជ័យស្នេហាទីមួយនេះ"។
តារាសម្ដែងដែលទទួលជោគជ័យ ហើយទស្សនិកជនឲ្យរហស្សនាមថាជាតារាទឹកភ្នែក កម្សត់រកទីបំផុតគ្មាន ដោយគេចាប់ផ្ដើមស្គាល់នាងចាប់តាំងពីដើរតួរឿងមរណមាតាមកម្ល៉េះ នោះ លី ច័ន្ទសីហា បានលើកឡើងថា ធម្មតាចាននៅក្នុងរាវ បើកាលណាមានការប៉ះទង្គិចប្រេះស្រាំហើយនោះ វាមិនអាចផ្សារភ្ជាប់ដូចដើមវិញបាននោះឡើយ។ បើគ្រួសារទាំងសងខាងធ្វើយ៉ាងនេះទៅហើយ គឺវាចប់ស្រេចបាច់អស់ហើយ និងគ្មានមូលហេតុអ្វីធំដំនោះទេ។
ចំពោះការសោកស្ដាយសម្រាប់ខ្ញុំ គឺចេះតែមានហើយ ព្រោះរឿងនេះទាំងទស្សនិកជន ទាំងមិត្តសិល្បៈរួមអាជីព គឺពួកគាត់បានដឹងសុះសាយ ធម្មតាមនុស្សស្រីទាំងអស់ គឺមានចិត្តដូចជាខ្ញុំដែរ។ តារាទទួលបានជ័យលាភីខាងសម្រក់ទឹកភ្នែក និងបានតំណែងជាតួកម្សត់ រហូតមករូបនេះ បានលើកឡើងទៀតថា បញ្ហាដែលខ្ញុំជួបកន្លងមក គឺប្រៀបបីដូចជាឆាកល្ខោនដែលបានសម្ដែងក្នុងសាច់រឿងតែប៉ុណ្ណោះ ហើយខ្ញុំបានឆាវាចោលអស់ទៅហើយ ពេលនេះអ្វីដែលខ្ញុំត្រូវធ្វើ និងឆ្ពោះទៅមុខនោះ គឺធ្វើយ៉ាងណាជួយជ្រោមជ្រែងគ្រួសាររបស់ខ្ញុំ និងមុខរបររបស់ខ្ញុំឲ្យមានដំណើរការរលូនទៅមុខប៉ុណ្ណោះ ហើយក៏លែងខ្វល់ខ្វាយនឹងរឿងស្នេហាទៀតដែរ ព្រោះបន្លាត្រូវបានដកចេញពីទ្រូងរបស់ខ្ញុំបាត់ទៅហើយ។
លី ច័ន្ទសីហា ដែលបានក្លាយជាម្ចាស់ហាងសម្អាងការទាំងវ័យក្មេង បានលើកឡើងទៀតថា បច្ចុប្បន្នការងារសិល្បៈរបស់ខ្ញុំចាប់ផ្ដើមរវល់ច្រើនវិញហើយ ព្រោះនៅរដូវប្រាំងខាងមុខនេះខ្ញុំកំពុងត្រៀមថតខ្សែភាពយន្តថ្មី មួយរឿងទៀត ដែលត្រូវជាវណ្ណកម្មថ្មីរបស់ផលិតកម្ម SCI ដោយខ្សែភាពយន្តនោះ មានចំណងជើងថា "រដឺនមានស្នេហ៍" ដោយក្នុងនោះ ខ្ញុំសម្ដែងជាតួឆ្នាសឆ្នើមកាចវិញម្ដង គឺប្ដូរឥរិយាបថពីតារាទឹកភ្នែកកម្សត់មកជាកាចវិញ ហើយខ្ញុំសម្ដែងបានពាក់កណ្ដោលនិយាយរួម គឺប្រហែលជា ៥០% នៃខ្សែភាពយន្តទាំងមូលហើយ។
សីហា បន្តថា សម្រាប់រឿងថ្មីនេះ អ្នកដឹកនាំបានតម្រូវឲ្យនាងដើរតួជាជនជាតិជប៉ុន ដោយមានតារាសម្ដែង សារ៉ាយ សក្ខិណា ជាតួឯកក្នុងរឿងនេះផងដែរ។ ម្យ៉ាងទៀតក៏មានការមមាញឹកនឹងការថតខារ៉ាអូខេ ឲ្យផលិតកម្មក្រៅប្រទេស ដើម្បីអបអរសាទរក្នុងពិធីបុណ្យជាតិធំៗ ជាក់ស្ដែងដូចជាពេលនេះ ខ្ញុំកំពុងតែថត MTV ឲ្យផលិតកម្មបុប្ផា ដើម្បីត្រៀមអបអរសាទរក្នុងឱកាសបុណ្យអុំទូក និងសំពះព្រះខែខាងមុខនេះ។
គួរបញ្ជាក់ថា លី ច័ន្ទសីហា បានបើកសម្អាងការរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការបើកហាងនេះត្រូវបាននាងអះអាងថា ដើមទុកក្នុងបើកហាងសម្អាងការនេះ គឺរបស់ម៉ាក់ប៉ានាងទាំងអស់ បើគិតចំណូលពីការងារសិល្បៈសព្វថ្ងៃរបស់នាង គឺមិនអាចឲ្យនាងមានលទ្ធភាពបើកហាងមួយនេះបានដោយងាយស្រួលនោះទេ ។
លី ច័ន្ទសីហា លើកឡើងថា ការងារ និងសិល្បៈសព្វថ្ងៃ គឺគ្រាន់តែបានផ្ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងការងារបន្តិចបន្តួចសម្រាប់នាងតែប៉ុណ្ណោះ ព្រោះបើរំលឹកទៅចំណូលពីសិល្បៈនេះ មិនអាចឲ្យនាងមានកម្រិតជីវភាពសមរម្យបានឡើយ។ ការបើកហាងសម្អាងការនេះ នាងបង្ហើបថា បានចំណាយដើមទុនអស់ជិត ៦ម៉ឺនដុល្លារ និងមានគ្រប់បែបយ៉ាងទាំងអស់ សម្រាប់អតិថិជនដែលត្រូវការ៕ ប្រភពដកស្រង់ចេញពី ទស្សនាវដ្ដី "ធម្មជាតិ”